cipl2017@gmail.com 012 370 001 Banlung City, Ratanakiri

វេទិកាអ៊ីនធឺណិតភ្នំពេញ លើកទី៤៖ ជំរុញបរិវត្តកម្មឌីជីថល ប្រកបដោយបរិយាបន្ន និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមការងារសិទ្ធិឌីជីថល (DRWG) បានរៀបចំ «វេទិកាអ៊ីនធឺណិតភ្នំពេញ លើកទី៤» យ៉ាងជោគជ័យ ក្រោមប្រធានបទដ៏មានសារៈសំខាន់៖ «ឌីជីថលូបនីយកម្មដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមយ៉ាងកុះករពីតំណាងស្ថាប័នរដ្ឋាករ អង្គការសង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងតំណាងសហគមន៍ សរុបចំនួន ១៩៣ នាក់/អង្គភាព។

នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ អង្គការថែរក្សាភាសាជនជាតិដើមភាគតិច (CIPL) បានដើរតួនាទីយ៉ាងសកម្ម ដោយបានដឹកនាំតំណាងយុវជនជនជាតិដើមភាគតិច ចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកទស្សនទាន បទពិសោធន៍ និងសំឡេងចេញពីសហគមន៍មូលដ្ឋានផ្ទាល់។

ប្រធានបទពិភាក្សាសំខាន់ៗ៖

ការពិភាក្សានៅក្នុងវេទិកានេះ បានផ្ដោតសំខាន់លើមុំយុទ្ធសាស្ត្រ និងបញ្ហាប្រឈមធំៗចំនួន ៤៖

  • ការតភ្ជាប់អ៊ីនធឺណិត និងបរិយាបន្នឌីជីថល៖ ការធានាថាប្រជាពលរដ្ឋគ្រប់រូប រួមទាំងសហគមន៍ដាច់ស្រយាល អាចទទួលបានសេវាអ៊ីនធឺណិតដែលមានគុណភាព និងតម្លៃសមរម្យ។
  • ការផ្តល់អំណាចដល់យុវជន និងសហគមន៍ក្នុងយុគសម័យឌីជីថល៖ ការបង្កើនសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ជីវភាព និងការចូលរួមក្នុងសង្គម។
  • ការការពារទិន្នន័យបុគ្គល និងកិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជន៖ ការបង្កើតទីកន្លែងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងការការពារឯកជនភាពរបស់អ្នកប្រើប្រាស់។
  • សេរីភាពនៃការបញ្ចេញមតិ និងបរិយាកាសឌីជីថលដែលកំពុងវិវត្តនៅកម្ពុជា៖ ការពិនិត្យមើលស្ថានភាពនៃការប្រើប្រាស់សេរីភាពលើបណ្តាញសង្គម និងការបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាព សេរី និងបើកទូលាយ។

គោលបំណងចម្បងនៃការរៀបចំវេទិកា៖

១. ផ្តល់លំហសន្ទនាប្រកបដោយបរិយាបន្ន៖ បង្កើតវេទិការស់រវើកមួយសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការផ្លាស់ប្តូរបទពិសោធន៍ លើកឡើងពីក្តីបារម្ភ និងដោះស្រាយបញ្ហាប្រឈមជុំវិញបរិវត្តកម្មឌីជីថល ជាពិសេសលើផ្នែកសិទ្ធិមនុស្ស សុវត្ថិភាព និងឯកជនភាពទិន្នន័យ។

២. បង្កើនការយល់ដឹង និងកសាងការយល់ឃើញរួម៖ ជំរុញឱ្យសាធារណជន និងស្ថាប័នពាក់ព័ន្ធយល់ដឹងកាន់តែច្បាស់អំពីឱកាស ចន្លោះខ្វះខាត និងបញ្ហាប្រឈមជាក់ស្តែងដែលយុវជន និងសហគមន៍មូលដ្ឋានកំពុងជួបប្រទះ នៅក្នុងការរស់នៅប្រចាំថ្ងៃជាមួយបច្ចេកវិទ្យាឌីជីថល។

៣. ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ៖ លើកកម្ពស់ការធ្វើការរួមគ្នារវាងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជន សហគមន៍បច្ចេកទេស យុវជន និងជនជាតិដើមភាគតិច ដើម្បីធានាថាដំណើរការឌីជីថលូបនីយកម្មនៅកម្ពុជាប្រព្រឹត្តទៅដោយសមធម៌ ស្របតាមគោលការណ៍សិទ្ធិមនុស្ស និងមិនបោះបង់នរណាម្នាក់ចោលឡើយ។

វេទិកានេះបានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តកសាងបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព ផ្ដល់ឱកាសស្មើៗគ្នា និងគោរពសិទ្ធិប្រជាពលរដ្ឋគ្រប់រូបនៅក្នុងប្រទេសកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *